ពិធីបើកនិងបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣២ នៅខេត្តបន្ទាយមានជ័យ..!
បន្ទាយមានជ័យ÷អស់រយៈពេល ២ ថ្ងៃពេញចាប់ពីថ្ងៃទី២២~២៣ ខែមករា ឆ្នាំ២០២៥នេះមន្ទីរធម្មការ និងសាសនាខេត្ត បន្ទាយមានជ័យបានរៀបពិធីបើក-បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣២ នៅវត្តពោធិរតនៈសាមគ្គី(កោះស្នូល) ឃុំទួលពង្រ ស្រុកម៉ាឡៃដែលពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃនេះក្រោមអធិបតីយភាព ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្ត បន្ទាយមានជ័យ។
និងបិទបញ្ចប់ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចសម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្ត កាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ និងឯកឧត្តម ហុឹម វិបលរិទ្ធ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន្ទរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានថ្លែងថាបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺមានការរីកចម្រើនគួរជាទីមោទនៈវត្តអារាមព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សាមានការកើនឡើងគួរឲ្យកត់សម្គាល់និងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការកសាងនូវមូលធនមនុស្សឲ្យមានចំណេះដឹងប្រកបដោយគុណធម៌ និងជាថ្នាលសម្រាប់បណ្ដុះនូវបញ្ញាញាណ និង ស្មរតីស្នេហាជាតិ ក្រោមការរួបរួមចំណែកអភិរក្ស និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យការអភិវឌ្ឍប្រទេសជាតិប្រកបដោយ សមធម៌និង ចីរភាព ទាមទារឲ្យមានការអប់រំចំណេះដឹងជំនាញបទពិសោធនិងគុណធម៌ សីលធម៌ ចរិយាធម៌ ជាចាំបាច់ពុំអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធ។
មានយោបល់ស្របគ្នាជាមួយសម្ដេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី ឯកឧត្តម ហុឹម វិបលរិទ្ធ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានថ្លែងថា÷ គ្រប់វត្តអារាមទាំងអស់ត្រូវតែប្រកាន់ភ្ជាប់ពាក្យ ស ទាំងបីទីមួយគឺស្អាតសំដៅទៅលើការសម្អាតវត្តអារាមឲ្យបានស្អាតគ្មានសំរាមចំណែក ស ទី ២ ត្រូវប្រឹងប្រែងសង្វាតសិក្សាព្រះត្រៃបិដកធម៌វិន័យដើរតាមគន្លងព្រះពុទ្ធសាសនានិងសទី ៣ គឺ គ្រប់វត្តអារាមទាំងអស់ត្រូវស្ងប់ស្ងាត់រឿងអធិករមិនត្រូវឱ្យមានជម្លោះទាស់ទែងនៅក្នុងទីវត្តអារាមបន្តទៅទៀតឡើយ។ជាចុងក្រោយក៏មានពិធីផ្ដល់ប័ណ្ណសរសើរជូនដល់អាចារ្យគណៈកម្មការនិងព្រះសង្ឃដែលបានចូលរួមនោះផងដែរ៕
Post a Comment