លោក តេង គឹមសៀនអភិបាលនៃគណៈអភិបាលស្រុកថ្មគោលចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះអគ្គីភ័យឆាបឆេះផ្ទះ
(បាត់ដំបង)នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២០ កុម្ភ: ឆ្នាំ២០២៥ លោក តេង គឹមស៊ាន អភិបាលនៃគណ:អភិបាលស្រុកថ្មគោល និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មគោល ព្រមទាំងសហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ(ភ្លើងឆេះផ្ទះ១ខ្នង) ចំនួន ១គ្រួសារ ដោយមានសមាជិកគ្រួសារសរុប៣នាក់ ស្រី២នាក់ រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល កាលពីថ្ងៃទី 18 ខែកុម្ភៈឆ្នាំ ២០២៥កន្លងមកនិងបានយកអំណោយមួយចំនួន រួមមាន៖ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ី ទឹកសុទ្ធ ចានដែក វែកបាយសម្ល ថាស ធុងទឹកកកតូច មុង ក្រមា ខោអាវ និងថវិកាចំនួន ១៥០,០០០៛ ។
ក្រោយពីទទួលបានសម្ភារៈមួយចំនួនគ្រួសារជនរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកនិងក្រុមការងារដែលបានចុះមកសួរសុខទុក្ខពួកគាត់ដែលកំពុងតែមានទុក្ខលំបាកខ្វះលំនៅឋានផងនោះគាត់ជូនពរឱ្យអស់លោកជួបតែនឹងពុទ្ធពរទាំង ៥ ប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
បន្ទាប់មកលោកអភិបាលក៏មានមតិសំណេះសំណាលនិងផ្ដាំផ្ញើសួរសុខទុក្ខជំនួសថ្នាក់ដឹកនាំជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកអភិបាលក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ។មេត្តាប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានខ្ពស់នៅក្នុងរដូវ ប្រាំងខាងមុខ យើងនេះ។
Post a Comment