ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ លោកជំទាវ ពុំ ចន្ទីនី ចុះសួរសុខទុក្ខ និងបាននាំយកអំណោយផ្តល់ជូន ជនចាស់ជរា ស្ត្រីមេម៉ាយក្រីក្រ ស្រុកសំឡូត ខេត្តបាត់ដំបង

 



(បាត់ដំបង)នៅរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរបេសកកម្មលើទឹកដី ស្រុកសំឡូត ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងបាននាំយកអំណោយផ្តល់ជូន ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រ អ្នកមានជំងឺរ៉ុំារ៉ៃ និងអ្នករស់នៅជាមួយមេរោគអេដស៍ តាមផ្ទះ សរុបចំនួន ៤២គ្រួសារ នៅភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមអមដំណើរដោយសមាជិក សមាជិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសំឡូត ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានក្រើនរម្លឹកដល់ អ៊ំ ពូ មីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។  ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារបានធូរធា សូមបងប្អូនប្រជាពលរដ្ឋបន្តចិត្តយកទុកដាក់ ប្រកបរបររកទទួលទាន និងខិតខំប្រឹងប្រែង បង្កបង្កើនផល ដាំដុះដំណាំរួមផ្សំជុំវិញផ្ទះ ជាជាងទុកដីឲ្យនៅទំនេរ ដើម្បីបង្កើនប្រាក់ចំណូល និងកាត់បន្ថយបាននូវការចំណាយ ព្រមទាំងចូលរួមរក្សាអនាម័យបរិស្ថានផងដែរ ។

បន្ថែមពីនោះ លោកជំទាវក៏បាននាំយកអំណោយឧបត្ថម្ភជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មីមួយកេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវមួយយួរ, ឃីត (មុង ភួយ សារុង ក្រមា)មួយកញ្ចប់ និងថវិកាមួយចំនួន ព្រមទាំងមានអាវរងាមួយរបស់អនុសាខាស្រុកសំឡូត៕

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង  ព្រមទាំងសហការី បានប្រគេនទេយ្យទាននិងបច្ច័យមួយជូនព្រះសង្ឃគង់នៅវត្តវត្តផ្លូវមាសចាស់។
















Powered by Blogger.