ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈម​ជាមួយបងប្អូនអាជីវករដែលមានបញ្ហាទិញ-លក់ស្រូវ​ នៅខេត្តព្រៃវែង









នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​ អមដំណេីរដោយ​ ឯកឧត្តម​ ទឹម​ បូរក្ស​ អនុរដ្ឋលេខាធិការ​ ឯកឧត្តម ហុឺ​ បាវី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកព្រះស្តេច​ ឯកឧត្តម​ អន​ ភារៈ​ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ អភិបាលស្រុក​ និងមន្រ្តីជំនាញ​ បានអញ្ជើញជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈម​ជាមួយបងប្អូនអាជីវករដែលមានបញ្ហាទិញ-លក់ស្រូវ នៅសាលាស្រុកព្រះស្តេច​ ខេត្តព្រៃវែង។



ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលេីកឡេីងថាការធ្វេីពាណិជ្ជកម្មឆ្លងប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ មានកិច្ចចរចាត្រឹមត្រូវ​ និងគោរពតាមនីតិវិធីផ្លូវច្បាប់ច្បាស់លាស់​ ធ្វេីយ៉ាងណាឱ្យមានសុខសុវត្ថិភាព​ និងមានការទទួលខុសត្រូវខ្ពស់ទាំងអាជីវករ​ ប្រជាកសិករ​ ដោយមិនឱ្យខាតបង់ផលប្រយោជន៍​ និងប៉ះពាល់ការរស់នៅប្រចាំថ្ងៃឡេីយ​។



ពាក់ព័ន្ធនឹងការងារនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់អនុសាសន៍ណែនាំឱ្យបណ្តាអាជីវករ​ និងប្រជាកសិករទាំងអស់​ត្រូវរក្សាប្រពៃណីនៃវប្បធម៌សន្ទនា​ និងពិភាក្សាស្វែងរកយល់ដំណោះស្រាយជាមួយអាជ្ញាធរខេត្ត-ស្រុក​ ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម​ ដែលនាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​ ដែលមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ។



ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលើកទឹកចិត្តក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ​ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។



ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា​ក្នុងនាមរាជរដ្ឋាភិបាល​ ដែលមានក្រសួងកសិកម្ម​ ជាសេនាធិការតែងតែឈរលេីគោលជំហរគិតគូរសុខទុក្ខរបស់បងប្អូនប្រជាកសិករ​ ជួយដោះស្រាយបញ្ហាប្រឈម​ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕



Powered by Blogger.