ក្រោយពីប្រើប្រាស់គ្រឿងញៀនយុវជន ៦នាក់បានធាក់ផ្ដួលនិងយកម៉ូតូជនរងគ្រោះពីស្រុកស្វាយចេកទៅបញ្ចាំនៅក្រុងប៉ោយប៉ែតត្រូវអាវុធហត្ថឃាត់ខ្លួន
(បន្ទាយមានជ័យ): នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះកងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦នាក់ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា៖នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ របស់ជនរគ្រោះឈ្មោះ សួន ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស រស់នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន និងបានយកម៉ូតូទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ យឿម តាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ វង់ សិលា(យក្ស ) ភេទប្រុស អាយុ ១៩ឆ្នាំ, ៦.ឈ្មោះ ឡង់ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀមរាប 1AF-1067 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង, ៣.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ចំនួន០១គ្រឿង។ និងបានធ្វើតេស្តទឹកនោមមានសារធាតុញៀនចំនួន០៥នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានពាក់ព័ន្ធលើករណី លួចស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕
Post a Comment