លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ដឹកនាំកម្លាំងសហការ ចុះត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង សារធាតុញៀន និងអាវុធជាតិផ្ទុះខុសច្បាប់

 



ពោធិ៍សាត់ៈ ដោយអនុវត្តន៍នូវ ការដឹកនាំ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ តបតាមអនុសាសន៍ចង្អុលការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជារបស់ឯកឧត្តម អគ្គស្នងការនគរបាលជាតិ  នៅយប់ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង នៃ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នៃការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះធ្វើការត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃ គ្រឿងស្រវឹង សារធាតុញៀន និងការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ និងត្រួតពិនិត្យយានយន្តតុបតែង បំពាក់សម្ភារៈ ភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ។ កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយដាក់ គោលដៅត្រួតពិនិត្យជាតិស្រវឹងនិងសារធាតុញៀនអាវុធជាតិផ្ទុះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៨២-១៨៣  ស្ថិតក្នុងភូមិដង្គា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រាប់ឲ្យដឹងថា ក្នុងសហប្រតិបត្តិការចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុញៀន និងអាវុធជាតិផ្ទុះ នេះ ប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន ៣៧នាក់ ក្នុងនោះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចំនួន ២៦ នាក់បានសហការជាមួយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀនចំនួន០៦នាក់  កម្លាំងអធិការក្រុង ០៥នាក់ ក្រោមការដឹកនាំ ដោយផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគបាលសណ្ដាប់ធ្នាប់ ។ លោកនាយការិយាល័យបានបន្តថា ក្នុងការត្រួតពិនិត្យនេះ មានយានយន្តចូលគោលដៅសរុប ចំនួន៦៨គ្រឿង ក្នុងនោះបានត្រួតពិនិត្យអាកុលបានចំនួន ៤៥គ្រឿង លទ្ធផលគ្មាន និងបានត្រួតពិនិត្យរថយន្តបើកបរបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ដោយបានដោះភ្លេីងចេញព្រមទាំងអប់រំចំនួន២៣គ្រឿង បានធ្វើតេសសារធាតុញៀន លើអ្នកបើកបររថយន្តចំនួន១៥គ្រឿង លទ្ធផលគ្មាន ៕

















Powered by Blogger.