លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ តាមដាន និងជម្រុញការអនុវត្តគោលនយោបាល ភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព នៅរដ្ឋបាលសាលាស្រុកតាលោសែនជ័យ

 


ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាល សាលាស្រុកតាលោសែនជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងជម្រុញការអនុវត្តគោលនយោបាយ ភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្តីទី និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហៀង សុីថា ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានខេត្ត លោកវរសេនីយ៍ឯក ហែម មុនី និង លោកវរសេនីយ៍ឯក ហោ សំអាត ស្នងការរង ទទួលទិសស្រុកតាលោសែនជ័យ លោកអភិបាល អភិបាលរងស្រុក លោកអធិការនគរបាលស្រុកតាលោសែនជ័យ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក  លោកមេបញ្ជាការយោធាស្រុក លោក មេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ចូលរួមជាច្រើនផងដែរ។

លោក សំ ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអានរបាយការណ៍លទ្ធផលការអនុវត្តន៍ការងារគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ នៅស្រុកតាលោសែនជ័យ ដែលទទួលបានលទ្ធផលល្អប្រសើរ ទទួលបានចំណាត់ថ្នាក់លេខ១មួយប៉ុស្តិ៍ និងលេខ២មួយប៉ុស្តិ៍ និងបានលើកឡើងនូវបញ្ហាប្រឈម ដែលចាំបាច់ ត្រូវមានចំណាត់ការដោះស្រាយ  លោកអភិបាលស្រុក បានបន្ថែមថា លោកនឹងបន្តខិតខំជម្រុញ ដល់អធិការដ្ឋាន និងរដ្ឋបាលឃុំ ក្នុងការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព លើការងារស្នូលទាំង៧  នៅស្រុកភ្នំក្រវាញ ឲ្យបានល្អប្រសើរ  ។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា អនុប្រធានអចិន្រៃ្តយ៍លេខាធិការដ្ឋាន បានមានប្រសាសន៍ថា ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមការដឹកនាំរបស់លោកអភិបាល និងលោកអធិការ ឃើញថា ការងារអនុវត្តគោលនយោបាយ ភូមិ.ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អ ទន្ទឹមនេះលោកអភិបាលស្រុក និងលោកអធិការ ត្រូវបន្តជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកស្នងការរង បានជម្រុញឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តការអនុវត្តការងារនគរបាល និងសហគមន៍ ជម្រុញចលនាប្រជាការពារ កសាងកម្លាំង ជម្រុញប្រជាពលរដ្ឋ  ហ៊ានផ្តល់ព័ត៌មានរាយការណ៍ ជូនសមត្ថកិច្ច លើរាល់សកម្មភាពបទល្មើស ប៉ុស្តិ៍នគរបាលត្រូវពង្រឹងការងារគ្រប់គ្រងមនុស្ស លោកអភិបាលស្រុក និងលោកអធិការ ត្រូវជម្រុញ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាអាវុធជាតិផ្ទុះ គ្រប់គ្រងមធ្យោបាយ និងគ្រប់គ្រងអាជីវកម្មមុខរបរពិសេស បម្រើដល់សកម្មភាពបទល្មើស។

លោក ពៅ ពិសិដ្ឋ ប្រធានលេខាធិការដ្ឋាន បានមានប្រសាសន៍ថា ដោយការអនុវត្តន៍ការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលលទ្ធផលល្អ មានការសហការល្អរវាងកងកម្លាំង ហើយចំពោះការអនុវត្តន៍ការងារ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេឃុំ ត្រូវបន្តពង្រឹង និងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការអនុវត្តន៍ ការងារ គោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងមានតួនាទី ទទួលខុសត្រូវ លើការងារសន្តិសុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអភិបាលស្រុក លោកមេឃុំ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខ បងប្អូនប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋល្អ លើកទឹកចិត្ត ដល់ពួកគាត់ លោកនាយ នាយរងប៉ុស្តិ៍ ត្រូវចុះជាប់ជាមួយកម្លាំងប្រជាការពារ ក្នុងពេលអនុវត្តន៍ការងារ ដើម្បីធានាបានប្រសិទ្ធភាព រដ្ឋបាលសាលាស្រុកត្រូវបង្កើតក្រុមការងារ និងតម្លើងតារាងត្រួតពិនិត្យ បទល្មើស និងរៀបចំកសាងផែនការសកម្មភាព ដើរល្បាត ដើម្បីបង្ការ ទប់ស្កាត់ ការកើតឡើងនៃបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ៕









Powered by Blogger.