ឯកឧត្តម សុខ លូ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជានារី ក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥

 


 (បាត់ដំបង)ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជានារី បម្រើការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តបាត់ដំបងចំនួន១២២នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តចូលរួមប្រមាណ១៣១នាក់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។


ជាកិច្ចចាប់ផ្តើម លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប ជូនអង្គពិធី។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍សំណេះសំណាល និងសួរសុខទុក្ខ ដល់មន្ត្រីរាជការជានារី បម្រើការក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តទាំងអស់  ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំបំពេញតួរនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរក្នុងពេលកន្លងមក។


ឯកឧត្តមអភិបាលខេត្តបានបន្ត មានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំ ព្រមទាំងរដ្ឋបាលខេត្តបានខិតខំយកចិត្តដាក់លើកតម្កើងចំនួនមន្ត្រីរាជការជានារី តាមស្ថាប័ន អង្គភាពនានា និងពង្រឹងសាមគ្គីភាព ព្រមទាំងណែនាំដល់មន្រ្តីរាជការបង្កើនការខិតខំបំពេញការងារតាមអ្វីដែលថ្នាក់ដឹកនាំបានដាក់ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត។



























Powered by Blogger.