ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

 


ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងរងនគរបាលជាតិ ទទួលបន្ទុកការងារប្រឆាំងការជូញដូរមនុស្ស និងអនីតិជន បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីស៊ើបអង្កេតករណីជួញដូរមនុស្សគ្រប់ទម្រង់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ” ដល់មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលមានសិក្ខាកាមសរុបចំនួន ១៦១នាក់ កម្មវិធីសិក្សានេះមានរយៈពេល ២ថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានអានរបាយការណ៍ស្វាគមន៍ ដោយលើកឡើងនូវខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំង សម្រេចបាននូវលទ្ធផលល្អ បទល្មើសមានការថយចុះ ។ លោកស្នងការស្តីទី បានផ្តាំផ្ញើ និងជម្រុញឲ្យសិក្ខាកាមខិតខំស្តាប់ សិក្សាស្វែងយល់ ទទួលយកចំណេះដឹង នូវបទបង្ហាញ របស់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងគ្រូឧទ្ទេស មកនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលជំនាញក្នុងការស៊ើបអង្កេត និងដោះស្រាយករណីជួញដូរមនុស្សគ្រប់ទម្រង់ ដោយផ្អែកលើនីតិវិធីស្តង់ដានៃការស៊ើបអង្កេត និងការអនុវត្តច្បាប់ជាក់លាក់។ លើសពីនេះ វគ្គនេះក៏ផ្តល់ចំណេះដឹងសំខាន់ៗអំពីវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការពារ ជនរងគ្រោះ ដោយគោរពសិទ្ធិមនុស្ស និងតាមទិន្នន័យនៃសន្ធិសញ្ញាអន្តរជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ការជួញដូរមនុស្សជាបញ្ហាដ៏ស្មុគស្មាញ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ដូច្នេះ មន្ត្រីនគរបាលត្រូវមានជំនាញពិសេសក្នុងការទប់ស្កាត់ និងការចាត់ការទៅលើករណីទាំងនេះដោយយុត្តិធម៌ សុចរិតភាព និងមានប្រសិទ្ធភាពខ្ពស់ ៕
















Powered by Blogger.